បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា Samsung Gear & Galaxy Note III នឹងត្រូវបង្ហាញនៅថ្ងៃតែមួយ រួចមក ពេលនេះប្រភពដ៏ល្បីឈ្មោះនិងជាទីទុកចិត្តមួយរបស់អាមេរិកគឺគេហទំព័រ Bloomberg បានបញ្ជាក់ថាក្រុមហ៊ុន Samsung Electronics Co. ពិតជានឹងបង្ហាញនាឡិកាទំនើបដ៍ថ្មីសន្លាងមួយម៉ូដែលនៅខែក្រោយនេះ ។ ការបង្ហាញនោះនឹងត្រូវធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ Samsung Unpacked Episode 2 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ កញ្ញា នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ (ពីរថ្ងៃមុនព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអេឡិចត្រូនិកអន្តរជាតិ IFA 2013 ) ។
បើយោងតាមប្រភពពីគេហទំព័រអាមេរិកមួយនេះបានឲ្យដឹងថានាឡិកាទំនើបនោះនឹងមានឈ្មោះជាផ្លូវការថា “Galaxy Gear” គឺមិនមែន “Samsung Gear” ដូចប្រភពពី SamMobile នោះទេ ។ ប្រភពពី Bloomberg ដដែលបានបន្ថែមទៀតថានាឡិកាទំនើប Galaxy Gear នឹងអាចធ្វើការហៅទូរស័ព្ទ (call), លេងអ៊ីនធឺណិត (surf web), e-mail បានដូចទូរស័ព្ទផងដែរ និងដំណើរការដោយ Android OS នេះបើយោងតាមប្រភពពីមនុស្សពីរនាក់ដែលស្និទ្ធទៅនឹងគម្រោងផលិតនាឡិកាទំនើបបានប្រាប់ទៅប្រភពខាងលើ ។ បើ Galaxy Gear ពិតជាមានលក្ខណសម្បត្តិបច្ចេកទេសដូចអ្វីដែល Bloomberg បានបង្ហាញមែននោះ Galaxy Gear មិនមែនជានាឡិកាទំនើបទេ តាមពិតទៅវាជាទូរស័ព្ទទំនើបដែលអាចពាក់នឹងកដៃដូចនាឡិកាទើបត្រូវជាង ។
រីឯប្រភពមួយទៀតពី Androidauthority បានបញ្ជាក់ពីលក្ខណសម្បត្តិបច្ចេកទេសបែបលម្អិតជាងប្រភពខាងលើគឺ៖
- អេក្រង់ទំហំ 1.67-inch
- បំពាក់ដោយអេក្រង់ដែលអាចបត់បែនបាន (flexible display)
- បច្ចេកវិទ្យាអេក្រង់ AMOLED
- កម្រិតភាពច្បាស់ 320 x 320 pixels
- CPU dual-core 1.5GHz (Exynos 4212)
- GPU ARM Mali-400
- RAM 1 GB
- កាមេរ៉ាទំហំ 2 MP
- មាន NFC, Bluetooth
សូមញ្ជាក់ដែរថាក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ជាផ្លូវការថានឹងបញ្ចេញនាឡិកាទំនើបនៅពេលណាហើយវា នឹងមានឈ្មោះជាផ្លូវការថាដូចម្ដេចនោះទេ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង smartwatch របស់ Samsung សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
0 comments:
Post a Comment